លួច​កាបូប​លុយ​និង​ទូរស័ព្ទ​បាន​សម្រេច​តែ​រត់​មិន​រួច​

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ទូរសព្ទ័​និង​កាបូប​លុយ​បុរស​អ្នក​រត់​កង់​បី​ម្នាក់​បាន​សម្រេច តែ​រត់​មិន​ត្រូវ​ជន​រងគ្រោះ​និង​ប្រជា​ពលរដ្ឋ​ដេញ​តាម​ចាប់​បាន​វាយ​ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ហេតុ​ការ​ភ្ញាក់ ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​២០​១៧ នៅ​តាម​បណ្ដោយ​ផ្លូវសហ​ពន្ឋ័​រុស្សី​ត្រង់​ចំណុច​មុខ​សួន​ច្បារ​ពោធិ៍ ចិន​តុង​ស្ថិត​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​សង្ស័យ​មាន​ឈ្មោះ នី កុយ ភេទ​ប្រុស​អា​យុ​៣២​​ឆ្នាំ​មុខ​របរ កម្មក​រោង​ចក្រ ទំនេរ​ឈ្លៀត​រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ផ្ទះ​ជួល​ម្ដុំ​កាណា​ឌី​យ៉ា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មាន​ស្រុក​កំណើត​ស្រុក​បាទី ខេត្ត​តាកែវ ចំណែ​ក​ជន​រងគ្រោះ​មាន​ឈ្មោះ ប្រាក់ ឧត្ដម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មុខ​របរ រត់​រឺម៉ក​កង់​បី ស្នាក់​នៅ​ផ្ទះ​ជួល​ម្ដុំ​ផ្សារ​កា​ណា​សុីធី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ មាន​ស្រុក​កំណើត ឃុំ​គ្រួស ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង ។

យោងតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ដេក​នៅ​លើ​រ៉ុម៉កកង់បី ដោយ​ដាក់​កាបូប​លុយ​និង​ទូរសព្ទ័​មួយ​គ្រឿង​ម៉ាក​សាំ​សុង នៅ​លើ​ដើម​ទ្រូង​លុះ​ដល់​វេលា​កើត​ហេតុ​ខណៈ​ដែល​ជន​សង្ស័យ​បាន​យក​ទូរសព្ទ័​និង​កាបូប​លុយ​ពេល​នោះ​គាត់​បាន ដឹង​ខ្លួន​ទាន់​ស្រប​ពេល​ដែល​ជនសង្ស័យ​កំពុង​ឡើង​ជិះ​ម៉ូតូ​គាត់​បាន​លោត​ទៅ​ចាប់​ម៉ូតូ​ជន​សង្ស័យ​ជាប់​ហើយ​ស្រែក​ឆោ​ឡោ​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ក៏​បាន​នាំ​គ្នា​មក​ជួយ​ចាប់​និង​វាយ​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ ទើប​សមត្ថកិច្ច​មូល​ដ្ឋាន​មក​នាំ​យក​ទៅ​ធ្វើការ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​កាកាប ។ ជន​សង្ស័យ​បាន​សារ​ភាព​ថា ដំបូង​រូប​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​សេរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1I-1532 ឌុប​ភ្ញៀវ​មក​ឈប់​ដាក់​ភ្ញៀវ​ចុះ​នៅ​ក្បែ​កន្លែង​កើត​ហេតុ​លុះ​មើល​ឃើញ​ជន​រងគ្រោះ​ដេក​លក់​ឃើញ​ឱកាស​ល្អ​ខ្លួន​ក៏​បាន​លូក​កាបូប​យក​លុយ​និង​ទូរសព្ទ័​តែ​ម្ដង ។

ក្រោយពេល​កើត​ហេតុ​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​កាកាប ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន បន្ត​ទៅ​អធិការ​ខណ្ឌពោធិ៍សែនជ័យ​ចាត់​កា​បន្ត​តាម​និតី​វិធី​ច្បាប់ ៕

Comments