ព្រះ​​រាជ​​អាជ្ញាសម្រេច​​ចោទ​ប្រកាន់​ជន​សង្ស័យ​ជា​ម្ចាស់​គ្រាប់​បែក​លាក់​ក្រោម​កែប​ម៉ូតូហើយ

ភ្នំពេញ៖ នា​រសៀល​​ថ្ងៃ​​ទី​​២២​ ខែ​​កញ្ញា​ ឆ្នាំ​១០១៧ លោក​ ខាំ​ សុផារី​ ព្រះ​​រាជ​​អាជ្ញា​​រង​អម​សាលា​​ដំបូង​​រាជធានី​​ភ្នំពេញ​ សម្រេច​​ចោទ​ប្រកាន់​ជន​សង្ស័យ​ជា​ម្ចាស់​គ្រាប់​បែក​លាក់​ក្រោម​កែប​ម៉ូតូ​យក​ទៅ​ផ្ញើ​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជោរ៉ៃ​ហើយ​​បញ្ជូន​​ជន​ត្រូវ​​ចោទ​​​និង​​​​សំណុំ​​រឿង​​​ទៅ​​​ចៅ​​ក្រម​​​ស៊ើប​​សួរ​ ចាត់​​​ការ​​​បន្ត​​​តាម​​​នីតិ​វិធី​ ។

ជន​សង្ស័យ​​ត្រូវ​​បាន​​ចោទ​ប្រកាន់​​ពី​បទ ​«កាន់​កាប់​​ឬ​​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​»​ តាម​​មាត្រា​​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ​៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ ទៅ​៦លាន​រៀល​។

សូម​រំលឹក​ថា សន្តិសុខ​យាម​ម៉ូតូ​នៅ​ក្នុង​មន្ទីរ​ពេទ្យ បាន​ប្រទះ​ឃើញ​គ្រាប់បែក​១​គ្រាប់ ពណ៌​ខ្មៅ​រុំ​ស្កុ​ត​ពី​ក្រៅ​នៅ​ក្បែរ​កង់​ម៉ូតូ​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BE-7901 នៅ​ក្នុង​កន្លែង​ផ្ញើ​ម៉ូតូ​នៃ​មន្ទីរពេទ្យ​ជោ​រ៉ៃ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៩ កញ្ញា ២០១៧ តែ​សំណាង​គ្រាប់​នេះ​មិន​បាន​ផ្ទុះ បង្ក​គ្រោះថ្នាក់​ឡើយ ។

បើ​តាម​សន្តិសុខ​យាម​ម៉ូតូ​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ បានអោយ​ដឹង​ថា លោក​បាន​ដើរ​ត្រួតពិនិត្យ​កន្លែង​ផ្ញើ​ម៉ូតូ​ក៏​ប្រទះ​ឃើញ​វត្ថុ​ពណ៌​ខ្មៅ រុំ​ស្គុ​ត​ស​ពី​ក្រៅ នៅ​ក្បែរ​កង់​ម៉ូតូ​ផ្នែក​ខាងក្រោយ (​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម​) ដែល​គេ​ដាក់​ផ្ញើ ដោយ​ដំបូង​ស្មាន​តែ​ជា​ឆ្នាំង​សាក​ទូរស័ព្ទ​ដៃ ក៏​រើស​យក​មក​មើល​នៅ​កន្លែង​ភ្លឺ ទើប​ដឹង​ថា ទំនងជា​គ្រាប់បែក រូប​គាត់​ក៏​ទុក​ចោល​នៅ​លើ​តុ រួច​ទៅ​រាយការណ៍​ប្រាប់​អនុប្រធាន​មន្ទីរ​ពេទ្យ​​រួច​នាំ​គ្នា​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ តែ​ម្តង ៕

Comments