ចប់​​ភ្ជុំ​ភ្លៀង​​១​​មេ​​ធំ​​លិច​​ផ្លូវ អភិបាល​ក្រុង​​ចុះ​ទៅ​ស្តារ​​ប្រឡាយ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០១៧ ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី​ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​ស្ពាន​ព្រែក​តា​អេ​វ ក្នុង​សង្កាត់​ព្រែក​ថ្មី ក្នុង​ខណ្ឌ​ច្បារ​អំពៅ ដោយ​ដាក់​គ្រឿងចក្រ​កាយ និង​ស្តារ​ប្រឡាយ​នេះ ដើម្បី​នាំ​ទឹក​ទម្លាក់​ទៅ​ក្នុង​ទន្លេបាសាក់ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​បណ្តាល​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួល​រង​ការ​លិចលង់​កាលពី​២​ថ្ងៃមុន​នេះ ។

ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ តាំងពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ ខណៈ​ទឹកភ្លៀង​បាន​បង្ក​ការ​លិចលង់​តាំងពី​សារមន្ទីរ នៅ​ភាគ​ខាងកើត​ក្រុង រហូត​ដល់​អាកាស​យា​ដ្ឋា​ន​អន្តរជាតិ នៅ​ភាគ​ខាងលិច​ក្រុង ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រួម​ទាំង​សារព័ត៌មាន​ខ្លះ បាន​នាំ​គ្នា​រិះគន់ ពិសេស​អភិបាលក្រុង​តែ​ម្តង ។

កន្លង​មក ទោះបីជា​លោក​អភិបាលក្រុង ធ្លាប់​ចុះ​បញ្ជា​ការងារ​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​រដោះ​ទឹកជំនន់​ទឹកភ្លៀង​ក្តី ក៏​បញ្ហា​ជំនន់​ទឹកភ្លៀង នៅ​តែ​ជន់​លិច​ផ្លូវជាហូរហែរហូតហូរ​ចូល​ផ្ទះកើត​មាន​ស្ទើរ​គ្រប់​ខណ្ឌ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២០​កញ្ញា ភ្លៀង​មួយ​មេ​ធំ បង្ក​ការ​ជន់​លិច​ផ្លូវ​ស្ទើរ​ពេញទី​ក្រុងភ្នំពេញ រហូត​ដល់ព្រឹក​ថ្ងៃ​២២ កញ្ញា ២០១៧ ​នេះ ផ្លូវ​មួយ​ចំនួន​ទឹក​នៅ​មិន​ទាន់​ស្រក​អស់​នៅឡើយ​ទេ ។

ទោះជា​យ៉ាងណាទម្លាក់​កំហុស​លើ​អភិបាល ក្រុង​ថ្មី​ទាំងស្រុងក៏មិនត្រូវដែរ ព្រោះ​រឿង​អនុញ្ញាត​អោយ​លុប​បឹង អូរ ប្រឡាយ ដែល​ធ្លាប់​ជា​កន្លែង​រំដោះ​ទឹក និង​អនុញ្ញាត​អោយ​សាងសង់​បុរី​ព្រោងព្រាត លប់​លើ​លូ​ប្រឡាយ​បង្ហូរទឹក​ប្លង់​មេ មាន​តាំងពី​យូរ​មក​ហើយ ។ ខណៈ​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​ពី​សមុទ្រ​ចិន​ខាងត្បូង​ផងនោះ អ្នក​រិះគន់​ក៏​គួរ​ដឹង​ថា សូ​ម្បី​តែ​មាន​លូ​ច្រើន ក៏​ទំហំ​មាត់​លូ​មាន​កំរិត​ដែរ ៕


Comments