ជន​សង្ស័យ​២​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​គ្រឿង​ញៀន ១០​កញ្ចប់ ត្រូវ​​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវឃាត់​ខ្លួន

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ក្នុង​ករណី​២​ផ្សេង​គ្នា ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ច្រក​ចូល​ផ្លូវ​ឌឿង​ហែម កែង​និង​ផ្លូវ​មុន្នី​វង្ស ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវ​បាន​ឲ្យ​​ដឹង​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​បាន​ឃាត់​ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា ដោយ​ជន​សង្ស័យ​ទី​១​មាន​ឈ្មោះ ឃី សុខេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​របរ​បុគ្គលិក​ក្រុម​ហ៊ុន ស្នាក់​នៅ​ផ្ទះ​លេខ​២៩M ជាប់​ផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ។ បាន​ដក​ហូត​ថ្នាំញៀន​១​កញ្ចប់​តូច​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ។ និង​ទី​២​មាន​ឈ្មោះ សោម ភារុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ ស្នាក់​នៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (បាន​ដក​ហូត​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​តូច នៅ​ទី​តាំង​កើត​ហេតុ​ខាង​លើ​ដូច​គ្នា ។

សូម​បញ្ចាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​កើត​ហេតុសមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវ បាន​ជិះ​ល្បាត​ក្នុង​មូល​ដ្ឋាន ហើយ​ប្រទះ​ឃើញ​ជន​សង្ស័យ​ទី​១ ក៏​បាន​ឃាត់​ខ្លួន​និង​ដក​ហូត​ថ្នាំ​ញៀន​បាន​១​កញ្ចប់​តូច យក​មក​សួរ​នាំ​នៅ​ប៉ុស្ដិ៍​នគរ​បាល​ផ្សារ​ដើម​ថ្កូវ រហូត​សួរ​នាំ​រួច​បាន​បន្ត​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ដោយ​ដក​ហូត​បាន​ថ្នាំ​ញៀន​៩​កញ្ចប់​តូច​បន្ថែម​ទៀត ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវ សួរ​នាំ និង​កសាង​សំណុំ​រឿង​បញ្ចូន​បន្ត​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕

Comments