បញ្ជូន​បុរស​ម្នាក់​ទៅ​កាន់​តុលាការ រឿង​ដក​កាំភ្លើង​ដេញ ប្រពន្ធ​និង​ម្តាយ​ក្មេក

ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី ពាក់​ព័ន្ធ​ករណី ដក​កាំ​ភ្លើង​ដេញ​បាញ់​ប្រពន្ធ និង​ម្តាយ​ក្មេក​ព្រោះ​រឿង ប្រចណ្ឌ និង​រឿង​បំណុល ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថាជន​សង្ស័យ​មាន​ឈ្មោះអ៊ុត បុរី អាយុ២៦ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១ ភូមិ​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។

ចំណែក​ជន​រងគ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ សុិម ចន្ទីរីដា អាយុ ២៤ឆ្នាំ មុខរបរ​កម្ម​ការិ​នី​រោង​ចក្រ នៅ​ម្ដុំ​បឹង​ទំពុន និង​ម្តាយ​ក្មេក​ឈ្មោះ គឹម វណ្ណះ អាយុ​៥៥​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ ស្នាក់​នៅ​ក្នុង​ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

គួររំលឹក​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ កាល​ពី​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០​១៧​កន្លង​ទៅ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេ​ញ ខណៈ​ជន​សង្ស័យ​បាន ដក​កាំ​ភ្លើង​ខ្លី​ម៉ាក ប៉េ​អា​កុល ដេញ​បាញ់​សម្លាប់​ម្ដាយ​ក្មេក និង​ប្រពន្ធ ព្រោះ​រឿង​ប្រចណ្ឌ និងរឿង ជំពាក់​បំណុល​គេ។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថ​កិច្ច បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ធ្លាប់​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​បណ្ដាល​ឲ្យ​មាន​របួស​ស្នាម និង​ធ្លាប់​ចូល​ប៉ុស្ដិ៍​ធ្វើ​កិច្ច​សន្យា​២​ដង​រួច​មក​ហើយ​ដែរ។

សមត្ថ​កិច្ច​បន្ថែម​ថា ជន​សង្ស័យ​ខាង​លើ​បាន​សារ​ភាព​ថា រូប​គេ​បាន​ទិញ​កាំ​ភ្លើង​ខាង​លើ មាន​គ្រាប់​ចំនួន ៨​គ្រាប់​ពី​ប្រទេស​ថៃ តម្លៃ ៦០០​ដុល្លារ ទុក​សម្រាប់​បាញ់​សម្លាប់​ម្ដាយ​ក្មេក និង​ប្រពន្ធ​របស់​ខ្លួន ព្រោះ​តែ​មាន​ចិត្ត​ខឹង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ខឹង​ម្ដាយ​ក្មេក​ក្រោយ​បំបែក​បំបាក់​ប្រពន្ធ​កូន​ដើម និង​ខឹង​ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក រៀល សុភិន ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ ៕

Comments