ស្រវឹង​ស្រា​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ា​ស័រ​ដេស ទៅ​បុក​បង្គោល​ភ្លើង​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ផឹក​សុី​ស្រវឹង ហើយ​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ស័រ​ដេស ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ជិត​បាក់ រីឯ​រថយន្ត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​បង្ក​ឡើង​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច ជាប់​និង​ប៉ុស្ដិ៍​នគរបាល​ព្រែក​ប្រា តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៩ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​សង្កេត​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក ម៉ា​ស័រដេស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-0988 ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​សា្រ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៩ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ហេតុខាង​លើ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​និង​បង្គោ​ល​ភ្លើង​ពេញ​មួយ​ទំហឹង​តែ​ម្ដង បណ្ដាល​អោយ​បង្គោល​ភ្លើង​ជិត​បាក់​ចេញ​ពី​គ្នា រីឯ​រថយន្ត​បង្ក​បាន​រង​ការ​ខូច​ខាត​ខាងមុខ​យ៉ាង​ដំណំ ហើយ​សំណាង​ល្អ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​ខាង​លើ​នេះ មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។

ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​ព្រែក​ប្រា បាន​ចេញ​មក​ឃាត់​ខ្លួន​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​យក​ទៅ​ទុក​នៅ​ក្នុង​ប៉ុស្ដិ៍ រង់​ចាំ​ប្រគល់​អោយ​ទៅ​កម្លាំង​ជំនាញ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ចុះ​មក​វាស់​វែង​រថយន្ត​បង្ក និង​ប្រគល់​អ្នក​បើកបរ​យក​ទៅ​ជា​មួយ ដើម្បី​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់ ៕

Comments