សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​៣​នាក់ ពាក់​ព័ន្ធ​ករណី ជួញ​ដូរ​គ្រឿង​ញៀន​ជាង​៨​គីឡូ​ក្រាមមក​តុលាការ

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ចនៃ មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ក្រសួង​មហា​ផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០​១៧​នេះ​បាន​បញ្ជូន​ជន​សង្ស័​យ​ចំនួន​៣​នាក់ និង​វត្ថុតាង ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី ពាក់​ព័ន្ធ​ករណី ជួញ​ដូរ​គ្រឿង​ញៀន​ជាង​៨​គីឡូ​ក្រាម​ ។

យោង​តាម​ការ​បញ្ជាក់​របស​លោក សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​បង្ក្រាប បាន​ឱ្យ​ដឹង​តាម Telegram ថា នៅ​ក្នុង​រង្វង់​ប្រតិបត្តិ​ការណ៍ សមត្ថកិច្ច​ជា​អ្នក​រាយ​ការណ៏ មិន​មែន​៤​នាក់​ទេ ៦​នាក់ ដោយ​មាន​ទាំង​កូន​ង៉ា​ទៀត​ផង ។ លោក​បន្ត​ថា បើ​ចង់​ច្បាស់​បញ្ជាក់​ទៅ​សមត្ថ​កិច្ច ។

សមត្ថកិច្ច​បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា ជន​សង្ស័​យ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ក្នុង​រង្វង់​ប្រតិបត្តិ​ការ ត្រូវ​តែ​នាំ​ខ្លួន​ទៅ​សួរ​នាំ​សិន ហើយ​នៅ​ពេល​សមត្ថកិច្ច​សាក​សួរ​ទៅ មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គឺ ត្រូវ​តែ​ឱ្យ​គេ​ត្រលប់​ទៅ​​ផ្ទះ​វិញ។

សូមបញ្ជាក់​ជូន​ថា នៅ​ក្នុង​វង្វង់​ប្រតិបត្តិ​ការ​បង្ក្រាប​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០​១៧​កន្លង​ទៅ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់​នោះ​រួម​មាន៖
-ទី១ឈ្មោះ ហៀក ដារ៉ា ភេទប្រុស អាយុ ៥៣​ឆ្នាំជនជាតិខ្មែរ អ្នក​រៀប​ចំការ​ទំនាក់​ទំនង​ចែក​ចាយ និង​លក់​គ្រឿង​ញៀន​នៅ​ភ្នំពេញ
-ទី​២​ឈ្មោះ សូគី ថនថៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជន​ជាតិ​ឡាវ មាន​ទី​លំ​នៅ​ពិត ភូមិ​ផា​បាំង ឃុំ​ថ្ម​កែវ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង និង​មាន​ទី​លំ​នៅ​បណ្ដោះ​អាសន្ន ផ្ទះជួល លូ៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ជា​អ្នក​កាន់​គ្រឿង​ញៀន
-ទី៣ឈ្មោះ ស៊ុម ម៉ៃ អាយុ ២៧ឆ្នាំ ជា​អ្នក​កាន់​គ្រឿង​ញៀន
-និង​ទី​៤​ឈ្មោះ សែន ឫទ្ធី អាយុ ៣៩ឆ្នាំ ជា​អ្នក​កាន់​គ្រឿង​ញៀន
ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​តែ ៣​នាក់ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង ៤នាក់​ខាង​លើ​ប៉ុណ្ណោះ​ទៅ​កាន់​តុលា​ការ ដោយ​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ ជន​សង្ស័យ​ដែល​មិន​ពាក់​ព័ន្ធ និង​ត្រូវ​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ទៅ​ផ្ទះ​វិញ​នោះ​ទេ ។

គួរ​រំលឹក​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០​១៧កន្លង​ទៅ កម្លាំង​នគរបាល «ក៩» នៃ​មន្ទី​ប្រឆាំង​គ្រឿង​ញៀន ក្រសួង​មហា​ផ្ទៃ បាន​បង្ក្រាប​ក្រុម​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ជា​បន្ដ​បន្ទាប់ រហូត​ឃាត់​ខ្លួន​ជន​សង្ស័យ ទាំង​៤​នាក់​ខាង​លើ និង​គ្រឿង​ញៀន​ជា​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ជា​គ្រឿងញៀន​ប្រភេទ​មេ​តំហ្វេ​តា​មីន ចំនួន​ជាង ៨​គីឡូ​ក្រាម ព្រម​ទាំង​ដក​ហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង នៅ​តាម​បណ្ដោយ​ផ្លូវ​ហា​ណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ក្រោយ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ទាំង​៤​នាក់​នេះ កម្លាំង​ជំនាញ បាន​បន្ត​ទៅ​ឆែក​ផ្ទះ​របស់​ឈ្មោះ ហៀក ដារ៉ា នៅ​ផ្ទះ​លេខ​៣០ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ជា​លទ្ធ​ផល រក​ឃើញ​សារ​ធាតុ​ញៀន​ចំនួន ០២​កញ្ចប់​តូច មាន​ទម្ងន់​ប្រហែល​២០០​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ចំនួន ១ និង​បាន​ហៅ​ប្រពន្ធ ឈ្មោះ ស៊ឹម សេងឡៃ អាយុ៤២ ឆ្នាំ ដើម្បី​សាក​សួរ​បន្ថែម ។

យោង​តាម​សមត្ថកិច្ច បាន​ឱ្យ​ដឹង​ថា​គ្រឿង​ញៀន​ដែល​ដក​ហូត​បាន ជា​ប្រភេទ មេ​តំហ្វេ​តា​មីន (ម៉ាទឹកកក) មាន​ទម្ងន់​សរុប ៨,​១៩​៧​.២​៨​ក្រាម សមត្ថកិច្ច​បន្ដ​ថា គេ​នៅ​មិន​ទាន់​ដឹង​ថា សំណុំ​រឿង​នេះ​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង​រូប​ណា​កាន់​នៅ​ឡើយ​ទេ៕

Comments