ដល់​ក​ហើយ! ផឹក​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​គេ​ដួល​សន្លប់​ខ្លួន​ឯង

ភ្នំពេញ៖ បុរស​ម្នាក់​ផឹក​ស្រវឹង​ទាំង​ថ្ងៃ​ជិះ​ម៉ូតូ​បុក​ម៉ូតូ​ផ្សេង​មួយ​ទៀត​បណ្ដាល​អោយ​រង​របួស​ទាំង​សង​ខាង ហេតុ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និ​ង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៧ តាម​ផ្លូវ​បេតុង​មុខ​វត្ត​សំបូរ​មាស ឋិត​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។ ភាគី​ទាំង​សង​ខាង​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញា​ណ​ទេ​ព្រោះ​ម្នាក់​ទៅ​ពេទ្យ​ខ្លួន​ឯង​ចំណែក​បុរស​ដែល​ផឹក​ស្រវឹង​ទាំង​ថ្ងៃ​សន្លប់​ស្ដូក​នូវ​កន្លែង​កើត​ហេតុ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុខ​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វេវអេស​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ចាម 1D 7978 ក្នុង​ទិស​ដៅ​ពី​កើតទៅ​ក្នុង​ល្បឿន​យ៉ាង​លឿន​និង​រេ​ពេញ​ផ្លូវ ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​​ក៏​មាន​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​​ឌ្រីម​ស៊េរី​ឆ្នាំ​២០​០៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ1Q.2750 ដែល​ធ្វើ​ដំណើរ​បញ្ជា្រស​ទិស​គ្នា បណ្ដាល​អោយ​រង​របួស​រលាត់​ដៃ​និង​រលាត់​មុខ​ពេល​នោះ​ក៏​ទៅ​ពេទ្យ​ដោយ​ខ្លួន​ឯង ចំណែក​បុរស​ដែល​ជិះ​ម៉ូតូ​ម៉ាក​វេវអេស ហើយ​ស្រវឹង​ទាំង​ថ្ងៃនោះ​បាន​ដួល​បោក​ក្បាល​ពី​ក្រោយ​បណ្ដាល​អោយ​សន្លប់​ស្ដូក​ស្ដឹង​នូវ​កន្លែង​កើត​ហេតុ ក៏​បាន​រថយន្ត​សង្គ្រោះ​បង្អែក​ដង្កោ​ដឹង​ទៅ​សង្គ្រោះ​ផង​ដែរ ។

ក្រោយ​ពី​កើត​ហេតុ​ក៏​ឃើញ​វត្ត​មាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ដង្កោ បាន​ចុះ​មក​វាស់​វែង​និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​ដង្កោ រង​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

Comments