ស្លាប់​ម្នាក់​របួស​ធ្ងន់​ស្រាល​២​នាក់ ដោយ​សារ​ជិះ​ម៉ូតូ​ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទៅ​បុក​ឃឿន​ផ្លូវ

ភ្នំពេញ៖ យុវជន​ម្នាក់​បាន​ស្លាប់​ដ៏​គួរ​អោយ​រន្ធត់​នៅ​កន្លែង​កើត​ហេតុ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ឌុប​គ្នា​ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​យ៉ាង​លឿន ទៅ​បុក​និង​ឃឿន​ផ្លូវ បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​១៣ ខែ​កញ្ញា ឆ្នាំ​២០​១៧ ស្ថិត​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ។

ជន​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ​មាន​​ឈ្មោះ សោង បុផា អាយុ​ប្រហែល​២០ឆ្នាំ រស់​នៅ​ភូមិ​ឡាំ​ដាំ ស្រុក​កោះ​កំពិក ខេត្ត​កោះ​កុង ។ ចំណែក​ជន​រងគ្រោះ​ដែល​របួស​ធ្ងន់​និង​ស្រាល​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ភ្លាមៗ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ​ឯក​ជន ។

យោង​តាម​ប្រភព​ព័ត៌មាន​​ពី​កន្លែង​កើត​ហេតុ បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត គេ​សង្កេត​ឃើញ​យុវ​ជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER X បិត​ស្កុត​ស ពាក់​ស្លាក​លេខ តាកែវ 1N-9537 បាន​ជិះ​ឌុប​គ្នា​ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណោ​ត​ផ្លូវ​កោង មិន​បាន​បន្ថយ​ល្បឿន ក៏​ជ្រុល​ទៅ​និង​ឃឿន​ផ្លូវ​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​យុវ​ជន​ម្នាក់​ដួល​បាក់​ករ ស្លាប់​យ៉ាង​អាណោច​អាធម៌ ។ ចំណែក​ឯ​២​នាក់​ទៀត​ដែល​អង្គុយ​ពី​ក្រោយ​បាន​រង​របួស​ធ្ងន់​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ ជន​រងគ្រោះ​ដែល​របួស​ធ្ងន់​ស្រាល ត្រូវ​បាន​រថយន្ត​សា​មុយ ចុះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ​ឯក​ជន​ភ្លាមៗ ។ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើ​កោសល្យ​វិច្ឆ័យ រួច​អោយ​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​នៅ​ក្នុង​វត្ត​ទឹក​ថ្លា រង់​ចាំ​ទាក់​ទង​សាច់​ញាត្តិ​ក្រុម​គ្រួសារ យក​ទៅ​បូជា​តាម​ប្រពៃណី ។ ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ដែល​ជំនាញ​ខាង​ចរាចរណ៍ ចុះ​មក​ធ្វើ​ការ​វាស់​វែង យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មា​ន​ជ័យ រង់​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ ៕

Comments