រយៈ​ពេល​៦​ខែ​ពលករ​ខ្មែរ​ស្លាប់​ជាង​១០០​នាក់​ក្នុង​ដី​ថៃ

ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ចំនួន​១១០​នាក់​(​ស្រី​១៧​នាក់​) មក​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដើម្បី​ប្រគល់​បន្ត​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

តួលេខ​ខាងលើ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​សកម្មភាព​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​សមាហរណកម្ម​ជន​រង​គ្រោះ​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

បើ​តាម​របាយការណ៍​ដែល​អាន​ដោយ​លោកស្រី ជូ ប៊ុ​ន​អេ​ង អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា រយៈពេល​ដូច​គ្នា​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ទទួល​ពលករ​ខ្មែរ ដែល​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ តាម​ច្រកព្រំដែន​គោក និង​អាកាស ចំនួន ១៣៩៦​លើក សរុប​៩១៤១២​នាក់ ក្នុង​នោះ​មាន​ស្រី ៣៤៦០៧​នាក់ និង​កុមារ ៤៤៣៤​នាក់​។

របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ ៤១៦៩​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​លើស​ពី​១​ខែ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ មុន​បញ្ជូន​មក​កម្ពុជា​វិញ​។

សូម​បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​ស្លាប់​ក្នុង​ទឹកដី​ថៃ​ភាគច្រើន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ អំពើបាញ់ប្រហារជាដើម ៕

Comments