ជិះ​ម៉ូតូ​ដើរ​លេង​សុខ​ៗ ឡាន​បុក​បាក់​ជើង​ម្នាក់ របួស​ស្រាល​៣​នាក់

ភ្នំពេញ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​បាន​រង​របួស​ធ្ងន់ បាក់ជើង​ស្ដាំ​ម្ខាង និង​៣​នាក់​ទៀត​រង​របួស​ស្រាល ក្រោយ​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​មក​ដើរ​លេង​នៅ​ម្ដុំ​រង្វង់​មូល​វត្តភ្នំ ហើយ​ត្រូវ​បាន​រថយន្ត​បង្ក​ម៉ាក ហាយ​ឡាក់​វីហ្គូ បើក​បុក​ពី​ចំហៀង​ពេញ​ទំហឹង​អូស​ម៉ូតូ​ជិត​៥​ម៉ែត្រ នា​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​១០៦ កែង​និង​ផ្លូវ​៥១ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន​ពេញ។

ម៉ូតូ​រង​គ្រោះ​ម៉ាក ហុងដា​ឌ្រីម ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ កំពង់ចាម 1L-3461 ជិះ​ឌុប​គ្នា​៤នាក់។ ចំណែក​រថយន្ត​បង្ក​ម៉ាក ហាយឡាក់វីហ្គូ ពណ៌​ស្ក ពាក់​ស្លាក​ភ្នំពេញ 2T-2460 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​ប្រពន្ធ​ម្នាក់​ទៀត។
តាម​សម្ដី​យុវជន​រងគ្រោះ​របួស​ស្រាល និង​ភាគី​ខាង​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ពួក​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​មក​ពី​ដើរ​លេងនៅ​ម្ដុំ​រង្វង់​មូល​វត្តភ្នំ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥១ ទិស​ដៅ​ពីជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ គឺ​ផ្លូវបំបែក​ជា​បួន ក៏​ត្រូវ​បាន​រថយន្ត​បង្ក​ខាង​លើ បើកបរតាម​បណ្ដោយ​ផ្លូវ​១០៦ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន មក​បុក​ចំ​ម៉ូតូ​ពី​ចំហៀង​ពេញ​ទំហឹង បណ្ដាលឲ្យ​ម៉ូតូ​រងគ្រោះ​ដួល​កៀបជាប់​ក្រោម​រថយន្ត អូស​ជាង​៥​ម៉ែត្រ រង​ការ​ខូចខាត​ទាំង​រថយន្ត​និងម៉ូតូ​យ៉ាង​ដំណំ រួមទាំង​អ្នក​ឌុប​រង​របួស​ធ្ងន់​បាក់​ជើង​ស្ដាំ​ម្ខាង សំណាងល្អ​៣​នាក់​ទៀត​ខ្ទាត​ចេញ​ពី​ម៉ូតូ​រង​របួស​ស្រាល។

ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ៗ ជន​រងគ្រោះ​របួស​ធ្ងន់ ត្រូ​វបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ ហុង ហាក់ ដឹក​យក​ទៅ​ព្យាបាល​ភ្លាមៗ។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ឃាត់ខ្លួន​អ្នក​បើកបរ​រថយន្តបង្ក​នៅ​កន្លែង​កើតហេតុ​យក​មក​ស្នាក់ការ​ប៉ុស្ដិ៍​នគរបាល​វត្តភ្នំ ហើយ​ធ្វើ​ការ​វាស់វែង​យក​ម៉ូតូ​ជន​រងគ្រោះ និង​រថយន្ត​បង្ក​រួម​ទាំង​ម្ចាស់​យក​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់៕

Comments