ចាប់​ឡាន​ដឹក​ឈើ​គ្រញូង ១២៤​ដុំ ស្មើ​នឹង ១៧៥ Kg

រតនគីរី៖ រថយន្ត​មួយ​គ្រឿង ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្ត​រតនគីរី បាន​ស្ទាក់​ព័ទ្ធ​ចាប់ និង​ដកហូត​បាន​ឈើ​គ្រញូង​ចំនួន ១២៤​ដុំ កាល​ពី​ថ្ងៃ​ទី ១៨ ខែមិថុនា ២០១៧។

ប្រតិបត្តិការ​ធ្វើ​ឡើង​ខណៈ​ដែល​រថយន្ត​ខាង​លើ​កំពុង​ធ្វើ​ដំណើរ​ចូល​ក្រុង​បានលុង ស្ថិត​ក្នុង​ថា​រ៉ង​ជង ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគីរី នៅ​យប់​ថ្ងៃខែឆ្នាំ​ខាង​លើ តែ​អ្នក​បើក​រថយន្ត​បាន​គេច​ខ្លួន​បាត់​ស្រមោល។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ស្ទាក់​ចាប់ គឺ​កម្លាំង​នគរបាល​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់។ ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​ដឹង​ឈើ​នោះ ម៉ាក កូរ៉ូណា​ពណ៌​ស ពាក់​ស្លាកលេខ 2យ-0537 ក្រោយ​ពេល​ត្រួត​ពិនិត្យ​ឃើញ​ឈើ​ក្រាក់​គ្រញូង​ចំនួន ១២៤​ដុំ ស្មើ​នឹង ១៧៥​គីឡូក្រាម។

បច្ចុប្បន្ន វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រតនគីរី រក្សា​ទុក​និង​ចាត់​ការ​បន្ត​តាម​ច្បាប់។

Comments