អាជ្ញាធរ​អត់​លុយ​ទិញ​ តុ​ កៅអី លក់​ដើម​អម្ពិល​បារំាង​ឲ្យ​យួន

ដើម​ច័ន្ទ​គិរី ឬ អម្ពិល​បារាំង​មួយ​ដើម​នៅ​ជាប់​ព្រំប្រទល់​ដែន​ខ្មែរ​-​យួន បាន​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​លក់​ឲ្យ​ជនជាតិ​យួន និង​ត្រូវ​បាន​ជនជាតិ​យួន​ចូល​មក​កាប់​មែក​និង​អារផ្តាច់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​កាលពី​ពាក់កណ្តាល​ស​ប្តា​ហ៍​នេះ ។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម​អម្ពិល​បារាំង​នេះ ស្ថិត​នៅ​ជាប់​ព្រំដែន​ខ្មែរ​-​យួន ក្នុងភូមិ​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

អ្នក​ភូមិ​បាន​និយាយ​ថា​ដើម​អម្ពិល​បារាំង​ដែល​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​ខាងលើ​នេះ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ភស្តុ​តាង​កំណត់​ព្រំ​ដី​រវាង​ខ្មែរ​និង​យួន ហើយ​ថាបើ​គេ​កាប់​រំលើង​ដើម​អម្ពិល​នេះ​ចោល ស្មើនឹង​ការ​បាត់បង​បង្គោល​ព្រំដែន ខណៈ​ដែល​យួន​នៅ​តែ​មាន​មហិច្ឆតា​ឈ្លានពាន​បូ​រណ​ភា​ទឹកដី​ខ្មែរ ។

មេ​ភូមិ​បឹង​ជ្រោង លោក សួរ ពេជ្រ បាន​ប្រាប់ RFA​ថា មិនមែន​អាជ្ញាធរ​លក់​ដើម​ច័នគិរី​ទេ ប៉ុន្តែ​ជា​ការ​ដោះ​ដូរ​ដើម្បី​បាន​ប្រាក់​ប្រមាណ ៦០​ម៉ឺន​រៀល សម្រាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុងភូមិ​ដូច​ជា​តុ កៅអី​ជាដើម​។ លោក​បន្ត​ថា បើ​ទោះបីជា​ឈ្មួញ​វៀតណាម មិន​កាប់​ដើម​ច័នគិរី​នោះ​ក៏​ដោយ ប៉ុន្តែ​ក្រុម​កង​វិស្វកម្ម​ធ្វើ​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន នឹង​ឈូស​ឆាយ​ចោល​ដដែល ព្រោះ​វា​អាច​ប៉ះពាល់​គម្រោង​ធ្វើ​ផ្លូវ​របស់​គេ​៖ «​ខ្ញុំ​គិត​ថា ឱ្យ​គេ​គាស់​ដើម​ហ្នឹង​ចេញ​ទៅ កុំឱ្យ​ចូល​ដី​កប់ខ្មោច ព្រោះ​ដី​កប់ខ្មោច​មាននៅ​តែ​មួយ​ក្រវេច​»​។

បរិវេណ​វត្ត​បឹង​ជ្រោង គឺ​ធ្លាប់​មាន​ភាព​ចម្រូងចម្រាស​រឿង​ព្រំដែន​ជាមួយ​វៀតណាម កាលពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ដោយសារ​របង​វត្ត​ផ្នែក​ខាងកើត​មិន​អាច​កសាង​បាន ព្រោះ​អាជ្ញាធរ​វៀតណាម ហាមឃាត់ ៕

Comments