ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ រូបសំណាក​យាយ​ទូល​កណ្តាប់​ស្រូវ

បាត់ដំបង ៖ យោង​តាម​គេ​ទំព័រ​នគរបាល​ជាតិ​បានអោយ​ដឹង​ថា រូបសំណាក​ដែល​ជា​តំណាង នៃការសំបូរហូហៀររបស់កសិផលក្នុងខេត្តបាត់ដំបង​ចំនួន​២ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​អស់​មួយ​ទៅ​ហើយ ដែល​បញ្ហា​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី ព្រោះ​តាម​ការ​បកស្រាយ​របស់​អាជ្ញាធរ វា​ហាក់បីដូច​ជា​ខុស​ឆ្ងាយ​ពី​ប្រភព​មួយ​ចំនួន ។
ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ គឺ​រូបសំណាក​យាយ​ទូល​កណ្តាប់​ស្រូវ ដែលស្ថិតនៅខាងលិចឈៀងខាងជើងផ្សារណាត់ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវ​បាន​បាត់​ពីលើ​គ្រឹះ​ជើង​ទម្រ ចំណែក​រូបសំណាក់​លោកតា​រែក​ក្រូច នៅ​គង់វង្ស​ដដែល ។

គួរ​បញ្ជាក់​ដែរ​ថា រូបសំណាក​ទាំង​ពីរ​នេះ គឺជា​ការ​បង្ហាញ​ដល់​បណ្តា​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្តបាត់ដំបង ដើម្បី​ចង់​បញ្ជាក់​ថា ខេត្ត​នេះ​សំបូរ​ដោយ​ភោគផល​កសិកម្ម ពិសេស​គឺ​ដំណាំ​ក្រូចពោធិសាត់ និង​ដំណាំ​ស្រូវ ទើប​រូបសំណាក​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៥ ។

បើ​តាម​ប្រភព​មួយ​ចំនួន​ដែល​នៅ​ក្បែ​ទីតាំង​លោកយាយ​ទូល​កណ្តាប់​ស្រូវ​នោះ បាន​និយាយ​ថា រូប​នេះ​អាច​មាន​អ្នក​លួច​វាយ​ផ្តួលរំលំ​នៅ​ពាក់កណ្តាល​អា​ធ្រា​ត ចន្លោះ​យប់​ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា នេះ ដោយ​ជន​មិន​ស្គាល់​មុខ​បាន​វាយបំបាក់ ក ឃើ​ង​របស់​លោកយាយ ហើយ​រុញ​ផ្តួល​តែ​ម្តង ប៉ុន្តែ​ដោយសារ​តែ​រូបសំណាក​មាន​ដែក​ស​សៃ​ខាងក្នុង ទើប​ព្រឹក​ឡើង​អាជ្ញាធរ​ក្រុង បាន​ដាក់​កំលាំង​អោយ​កាត់​ដែក​ស​សៃ​នោះ​ដើម្បី​យក​រូបសំណាក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង ។

ជុំវិញ​បញ្ហា​ដ៏​រសើប​នេះ លោក​អភិបាលក្រុង សៀង​ឯម វូ​ន​ស្ហ៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ថា រូបសំណាក​នេះ​អាច​ដួល​រលំ​ ដោយសារ​តែ​មាន​ក្មេង​តោង​លេង ​ហើយ​ម្យ៉ាងទៀត​រូបសំណាក​ទាំង​ពីរ​នេះ​ក៏​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ដែរ​ហើយ ដោយ​ខាង​អាជ្ញាធរ​គ្រោង​មាន​វិធានការ​ជួសជុល​ឡើង​វិញ​ផង​ដែរ ។

តាម​ប្រភព​ក្រៅផ្លូវការ​បាន​លួច​បង្ហើប​ថា កន្លង​មក​ខាង​ក្រុមហ៊ុន​វឌ្ឍនៈ ដែល​កំពុង​សាងសង់​អាគារ​មួយ​នៅ​ក្បែ​នឹង​រូបសំណាក​លោកយាយ​ទូល​កណ្តាប់​ស្រូវ​នេះ ដែល​មានកំ​ពស់​រាប់​សិប​ជាន់​នោះ ធ្លាប់​បាន​មក​វាស់វែង​លើ​សួនច្បារ​នេះ​ដែរ ដែល​គេ​សង្ស័យ​ថា ​អាច​ជា​ការ​ប៉ុនប៉ង​ចង់បាន​ទីតាំង​នេះ ​ដើម្បី​ធ្វើ​ជា​ចំណតរថយន្ត ឬ​ក៏​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​ក៏​អាច​ថា​បាន​ដែរ ព្រោះ​សួនច្បារ​លោកយាយ​ទូល​កណ្តាប់​ស្រូវ​នេះ វា​ស្ថិត​នៅ​ចំ​ពីមុខ​អាគារ​ខ្ពស់​នេះ​តែ​ម្តង ។

ទោះបីជា​អាជ្ញាធរ​បាន​អះអាង​ថា​រូបសំណាក​ដួល​ដោយសារ​ក្មេង​តោង​ក៏​ដោយ ក៏​ប្រភព​ជា​ច្រើន​កំពុង​ផ្តោត​ចក្ខុ និង​រង់ចាំ​មើល​ថា តើ​តទៅ​មុខ​អាច​មាន​រូបសំណាក​អ្វី​ឡើង​មក​ជំនួស​វិញ ឬ​ក៏​ប្តូរ​មុខមាត់​ថ្មី​ដើម្បី​កែប្រែ​អោយទៅ​ជា​កន្លែង​អ្វី​ផ្សេង​ទៀត នោះ​គេ​នឹង​ដឹង​ដោយ​ឯកឯង​ថា រូបសំណាក​នេះ​បាក់​ដោយសារ​អ្វី​ជាក់​ជា​មិន​ខាន ៕

Comments