បើក​រថយន្ត​ទៅ​ប្រលះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​១​កង់

រាជធានី​ភ្នំពេញ៖ រថយន្ត​ព្រូស​មួយ​គ្រឿង​បាន​បើកបរ​យ៉ាង​លឿន​ទាំង​ស្ថាន​ភាព​ស្រវឹង​ជោគ ហើយ​ជ្រុល​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​មួយ​កង់ រួម​ទាំង​បណ្តាល​អោយ​រថយន្ត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ផង​ដែរ សំណាង​ល្អ​មិន​បង្ក​របួស​ដល់​មនុស្ស។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​២​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៧ ត្រង់​ចំណុច​ស្តុប​ចំការ​មន សង្កាត់​បឹង​កេង​កង ខណ្ឌ​ចំការ​មន ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា រថយន្ត​បង្ក​ហេតុ​ម៉ាក to​yo​ta prius ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ​2Q-6897 ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រា​ជោគ​ជាំ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​អោយ​បាក់​អស់​មួយ​កង់ រី​ឯ​រថយន្ត​បង្ក​បាន​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​បើក​ទៅ​មុខ​លែង​រួច សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​ក្នុង​ហេតុ​ការណ៍​នោះ​ឡើយ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង និង​ស្ទូច​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​បណ្ណោះ​អាសន្ន រង់​ចាំ​ម្ចាស់​រថយន្ត​ទទួល​ការ​ពិន័យ​តាម​ច្បាប់៕


Comments