កាប់​ប្លន់​បាន​សម្រេច​សមត្ថកិច្ច​បាន​ត្រឹម​តែ​ទទួល​ពាក្យ​បណ្ដឹង​ ហើយ​ស្ដី​បន្ទោស​ឲ្យ​ជន​រង​គ្រោះ​ទៀត

ភ្នំពេញ៖ ករណី​វាយ​កាប់​ប្លន់​យក​ម៉ូតូ​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ព្រំ​ប្រទល់​នៅ​ទឹក​ដី​ខណ្ឌ​មានជ័យ ខណ្ឌ​ដង្កោ និង​ជាប់​ខេត្ត​កណ្ដាល តែង​តែ​កើត​ឡើង​ជា​ញឹក​ញ៉ាប់ តែ​សមត្ថកិច្ច​មិន​ដែល​អន្តរាគមន៍​បង្ក្រាប​បាន​ម្ដង​ណា​ឡើយ ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋអស់​ជំនឿ​លើ​សមត្ថកិច្ច​ព្រោះ​តែ​អសមត្ថ​ភាព។

ជាក់​ស្ដែង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ មាន​យុវ​ជន​ប្រុស​ស្រី​១​គូរ បាន​ជិះ​ម៉ូតូ​ម៉ាក​និច​មួយ​គ្រឿង ហើយ​ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​ប្រើ​ដាវ​សាំ​ម៉ូ​រៃ​កាប់​ទៅ​លើ​ជន​រងគ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ដាច់​ដៃ​(ស្រាល) រួច​យក​ម៉ូតូ​ជន​រងគ្រោះ​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយ​សុវត្តិ​ភាព ។

ជន​រងគ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​បាត់​បង់​ម៉ាក​និច ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 1S​-71​24 មាន​ឈ្មោះ ផុន ឈៀងលី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ រស់​នៅ​ភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​នារី​ជា​គូរ​ស្នេហ៍​រួម​ដំណើរ​ជា​មួយ​មាន​ឈ្មោះ សូ ចាន់ណារី អាយុ​២០​ឆ្នាំ​មុខ​របរ​កម្មការិនី​រោង​ចក្រ រស់​ភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។
ក្នង​ករណី​កាប់​ប្លន់​យក​ម៉ូតូ​ខាង​លើ បើ​តាម​សម្ដី​យុវជន​រងគ្រោះ​ឈ្មោះផុន ឈៀងលី បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ឌុប​សង្សារ​តែ​២​នាក់ ចេញ​ផ្ទះ​របស់​ខ្លួន​បំណង​មក​លេង​ផ្ទះ​បង​ប្អូន​នៅ​ភ្នំពេញ​ម្ដុំ​បឹង​កេង​កង ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​ស្រាប់​តែ​លេច​មុខ​ក្រុម​ជន​សង្ស័យ​មាន​គ្នា​ប្រមាណ​៧​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក បាន​តាម​មក​ពី​ក្រោយ​ហើយ​ប្រើ​ដាវ​សាំ​ម៉ូ​រៃ​កាប់​មក​លើ​យុវ​ជន​រងគ្រោះ​ទាំង​កំរោល​តែ​ម្ដង បណ្ដាល​ឲ្យ​ចំ​ដៃ​ឆ្វេង​រង​របួស​ស្រាល ហើយ​ភ្លាម​ៗ​ជន​រង​គ្រោះ​ភិត​ភ័យ​ខ្លាំង​ពេក​ក៏​ចុះ​ពី​លើ​ម៉ូតូ​គេច​ខ្លួន រួច​ត្រូវ​បាន​ក្រុម​ជន​សង្ស័យ លើ​យក​ម៉ូតូ​ជន​រងគ្រោះ​ជិះ​ដំរង់​មក​ភ្នំពេញ​វិញ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ក្រោយ​កើត​ហេតុ យុវ​ជន​ប្រុស​ស្រី​រង​គ្រោះ​ទាំង​ពី​នាក់​បាន​ទំនាក់​ទំនង​ទៅ​សាច់​ញាតិ​រួម​ទាំង​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​ដល់​កន្លែង​កើត​ហេតុ តែ​ជួយ​មិន​បាន​និង​ត្រឹម​តែ​ដឹក​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ទាំង​របួស​ដៃ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ស្ដី​បន្ទោស​ថែម​ទៀត ៕

Comments