ឥណ្ឌា​បាន​បាញ់​បង្ហោះ​យានអវកាស​ទៅកាន់​ភព​ព្រះ​អង្គារ​ដោយ​ជោគជ័យ

ព័ត៌មាន​អន្តរជាតិ​៖ ឥណ្ឌា​បាន​បាញ់​បង្ហោះ​យានអវកាស ដែល​ជា​ប្រភេទ​យាន​គ្មាន​មនុស្ស​បើក ដើម្បី​ទៅ​ធ្វើ​ការសិក្សា​អំពី​បរិយាកាស​នៅ​ភព​ព្រះ​អង្គារ បាន​ជោគជ័យ នៅ​ម៉ោង ២ និង​៣៨​នាទី​រសៀល​ថ្ងៃ​អង្គារ ម៉ោង​ក្នុងស្រុក (​ត្រូវ​នឹង​ម៉ោង ៤ និង ៨​នាទី​រសៀល នៅ​ប្រទេស​កម្ពុជា​) ។ ហើយ​បេសកកម្ម​មួយ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អាស៊ី ដែល​អាច​បង្ហោះ​យាន​អាវ​កាស​ទៅកាន់​ភព​ព្រះ​អង្គារ និង​ជា​ប្រទេស​ទី​៤​ផង​ដែរ បន្ទាប់ពី​អាមេរិក រុស្ស៊ី សហភាព​អឺរ៉ុប ។​

​អ្នកវិទ្យាសាស្ត្រ​នៅ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) បាន​ឲ្យ​ដឹង​ថា វា​គឺជា​រឿង​មិន​គួរ​ឲ្យ​ជឿ ដែល​ឥណ្ឌា​អាច​បាញ់​បង្ហោះ​យានអវកាស​ទៅកាន់​ភព​ព្រះ​អង្គារ​នៅ​ក្នុង​ពេល ឆាប់ៗ​បែបនេះ ពី​ព្រោះថា បេសកកម្ម​ទៅកាន់​ភព​ព្រះ​អង្គារ មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ដោយសារតែ​វា​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផែនដី ។ និង​ម្យ៉ាងទៀត ជប៉ុន និង​ចិន សុទ្ធតែ​ធ្លាប់​បាន​ព្យាយាម​បញ្ជូន​យានអវកាស​ទៅកាន់​ភព​ព្រះ​អង្គារ ក៏ប៉ុន្តែ បេសកកម្ម​ទាំងនេះ​សុទ្ធតែ​ត្រូវ​ទទួល​បរាជ័យ​ទាំងអស់​។ មានតែ​អាមេរិក រុស្ស៊ី និង​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ ដែល​អាច​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក​ដោយ​ជោគជ័យ រហូត​អាច​ធ្វើ​ដំណើរ​ទៅដល់​ភព​ព្រះ​អង្គារ​បាន​។

ឥណ្ឌា​នឹង​ក្លាយទៅជា​ប្រទេស​ទី​៤ ប្រសិនបើ​យាន​អាវ​កាស ដែល​បាញ់​បង្ហោះ​នៅ​ថ្ងៃនេះ អាច​ធ្វើ​ដំណើរ​ទៅដល់​គន្លង​តារាវិថី​នៃ​ភព​ព្រះ​អង្គារ​តាម​គម្រោង​ពិតមែន​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ បេសកកម្ម​យាន​អាវ​កាស​ឥណ្ឌា​ទៅកាន់​ភព​ព្រះ​អង្គារ​នៅ​ពេល​នេះ ត្រូវ​ចំណាយ​លុយ​តែ​ប្រមាណ​ជា ៧៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ពោល​គឺ ៦​ដង តិច​ជាង​បេសកកម្ម​របស់ NASA ដែល​គ្រោង​បាញ់​បង្ហោះ នៅ​ថ្ងៃទី​១៨​វិច្ឆិកា​ខាងមុខ ហើយ​ដែល​ត្រូវ​ចំណាយ​លុយ​រហូតដល់​ទៅ ៤៥៥​លាន​ដុល្លារ។

​សូម​បញ្ជាក់​ផង​ដែរ​ថា យាន​អាវ​កាស​គ្មាន​មនុស្ស​បើក​ខាង​លើនេះ មាន​ទំហំ​ប៉ុន​កូន​ឡាន ហើយ​មាន​ទម្ងន់​ជាង ១​តោន នឹង​ត្រូវ​ធ្វើដំណើរ​ជុំវិញ​ផែនដី ក្នុង​រយៈពេល​ជិត ១​ខែ ទើប​អាច​មាន​ល្បឿន​គ្រប់គ្រាន់ ដើម្បី​ចេញផុត​ពី​ទំនាញ​របស់​ផែនដី ហើយ​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​ភព​ព្រះ​អង្គារ ដោយ​ធ្វើដំណើរ​ក្នុង​រយៈ​ចម្ងាយ​សរុប ៧៨០​លាន​គីឡូម៉ែត្រ នឹង​ត្រូវ​ប្រើ​ពេល​ចំនួន ៣០០​ថ្ងៃ (១០​ខែ​)៕ ប្រែ​សម្រួល​ដោយ​៖ Vinna

art8.1

Comments